កុំមើលតែកំហុសតិចទើបមើលឃើញ តែគុណសម្បត្តិច្រើនមិនដែលមើលឃើញសោះ!
ការគិតរបស់មនុស្សយើង អ្នកខ្លះមានចិត្តចង្អៀតចង្អល់ខ្លាំងណាស់ គេមានកំហុសតិចតួចនាំគ្នាចាំកំហុសគ្នា តែដល់ពេលគេមានគុណសម្បត្តិ ធ្វើការងារបានល្អប្រសើរវិញ មិនដែលឮលោកណាគាត់សរសើរសោះ បិទមាត់ជិតឈឹងហ្មង។ គួរកុំធ្វើបែបនេះអី ព្រោះការសម្លឹងមើលកំហុសរបស់គេជាងការកែប្រែខ្លួនឯង ក៏ជាកំហុសមួយដែរ។
ចំពោះមនុស្សយើងសព្វថ្ងៃវិញ ភាគច្រើនអត់ដែលសម្លឹងមើលកំហុសរបស់ខ្លួនឯងទេ ជួនកាលខុសប្រឹងប្រកែកយកល្អតែខ្លួនឯង ហើយទម្លាក់កំហុសដល់អ្នកដទៃទៀតក៏មាន មនុស្សបែបនេះគឺមិនគួរឱ្យសេពគប់ឡើយ។ សម្រាប់មនុស្សគេល្អត្រឹមត្រូវគេមិនដែលចាំកំហុសអ្នកដទៃទេ មានតែប្រាប់ជួយកែគ្នា តម្រង់ផ្លូវឱ្យដើរទៅមុខត្រង់ផ្លូវទាំងអស់គ្នា និងតែចាប់កំហុសខ្លួនឯងជាងអ្នកដទៃ។ ការប្រតិបត្តិបែបនេះ គឺជាការត្រឹមត្រូវសម្រាប់ការរស់នៅ។
ម្យ៉ាងវិញទៀត យើងគប្បីចេះយោគយល់គ្នា ចេះអន់ឱនដល់គ្នា និងជួយកែតម្រូវគ្នាជាងការចាប់កំហុសតែម្ខាងៗ សម្លឹងមើលមនុស្សក្នុងផ្លូវអវិជ្ជមាន។ ការដែលមនុស្សយើងសម្លឹងតែលើផ្លូវអវិជ្ជមាន នោះជីវិតរបស់គេនឹងគ្មានសេចក្តីសុខមើលទៅខាងណាក៏សុទ្ធតែកំហុសរបស់អ្នកដទៃទៀត ចំណែកខ្លួនឯងត្រូវបានភ្លើងនៃចិត្តដុតកម្លោចយ៉ាងសន្ធរសន្ធៅក្រហល់ក្រហាយ។
បើការចាប់កំហុសរបស់អ្នកដ៏ទៃគ្មានផលចំណេញបែបនេះ? តើអ្នកគួរបន្តដល់ពេលណាទៀត ម៉េចក៏មិនឆាប់បោះបង់វាចោលទៅ នឹងរៀនចេះត្រេកអរពេលអ្នកដ៏ទៃជោគជ័យផង ទើបវាធ្វើឱ្យចិត្តរបស់អ្នកជ្រះថ្លា និងមានសេចក្តីសុខតទៅថ្ងៃអនាគត៕




Leave a Comment