តោះ!!! មកយល់ដឹងពីកំហុសទាំង ៩ នៃសំបុត្រកំណើតដែលអាចកែតម្រូវទិន្នន័យបាន
ទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋានអាចកែតម្រូវបាន មានដូចខាងក្រោម៖
១. ការខុសឆ្គងអក្ខរាវិរុទ្ធលើ នាមត្រកូល និង/ឫនាមខ្លួនជា “អក្សរខ្មែរ” និង “អក្សរឡាតាំង” របស់សាមីខ្លួន ឫរបស់ឪពុក ឫរបស់ម្តាយ (មានន័យថាសូរសំឡេងដូចគ្នា ឫប្រហាក់ប្រហែលគ្នាប៉ុន្តែការសរសេរខុសគ្នា)។
២. ការសរសេរខុស “ភេទ” នៅពេលចុះបញ្ជីដូចជាភេទ “ប្រុស” តែសរសេរដាក់ថាភេទ “ស្រី” ឫភេទ “ស្រី” តែសរសេរដាក់ថាភេទ “ប្រុស” ។
៣. អាយុរបស់ឪពុក ឫម្តាយតិចជាង ឫតំណាលគ្នានឹងអាយុកូនដែលមិនសមនឹងកើតមាន ឫការចុះថ្ងៃឆ្នាំកំណើតច្រឡំ ដូចជា កើតឆ្នាំ១៩៧៥ ដាក់ថាឆ្នាំ១៩៥៧ ។
៤. ខុសថ្ងៃកំណើតសុរិយគតិ (ដូចជាថ្ងៃ ៣០ ខែកុម្ភៈ ឫថ្ងៃទី៣១ ខែមសា)។
៥. ខុសថ្ងៃកំណើតច័ន្ទគតិ ដូចជាការសរសេរចុះដាក់ថ្ងៃច័ន្ទ ទី១៣ ខែមេសា ឆ្នាំ១៩៧២ ប៉ុន្តែជាក់ស្តែងថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩៧២ ជាថ្ងៃព្រហស្បតិ៍។
៦. ការភាន់ច្រឡំទីតាំងភូមសាស្ត្ររដ្ឋបាល ដូចជាការសរសេរដាក់ថា ស្រុកកំពង់សៀម ខេត្តកំពង់ស្ពឺ ប៉ុន្តែជាក់ស្តែងស្រុកកំពង់សៀម ស្ថិតក្នុងខេត្តកំពង់ចាម។
៧. ខ្ទង់ទីកន្លែងកំណើតបានសរសេរខុសពីទីកន្លែងកំណើតដែលសាមីខ្លួនបានកើតជាក់ស្តែង ឫសរសេរខុសទីតាំងភូមិសាស្ត្ររដ្ឋបាលនាសម័យដែលបុគ្គលនោះកើត ឧទាហរណ៍ បញ្ជីកំណើតរបស់បុគ្គលម្នាក់បានចុះថា កើតឆ្នាំ១៩៨៥ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ប៉ុន្តែ ក្នុងអំឡុងឆ្នាំ១៩៨៥ នៅស្រុកមង្គលបុរី ស្ថិតនៅក្នុងខេត្តបាត់ដំបង ពីព្រោះមិនទាន់បង្កើតខេត្តបន្ទាយមានជ័យនៅឡើយ។
៨. ការខកខានមិនបានចុះព័ត៌មាននៅក្នុងបញ្ជីអត្រានុកូលដ្ឋានលើកលែងតែការបន្ថែមទិន្នន័យព័ត៌មានណាដែលធ្វើអោយសាមីខ្លួនរួចផុតពីការទទួលខុសត្រូវខាងផ្លូវច្បាប់។
៩. សម្រេចមោឃភាពលើបញ្ជីអត្រានុកូលដ្ឋានទាំងឡាយណាដែលបានចុះជាន់គ្នា៕




Leave a Comment